ការជ្រើសទិញវត្ថុធាតុដើមដែលមានសុវត្ថិភាពសម្រាប់សង្វាក់ផលិតកម្ម

ការចាប់ផ្ដើមអាជីវកម្មអាហារ

ការចាប់ផ្ដើមអាជីវកម្មនៅក្នុងវិស័យចំណីអាហារ

ជាទូទៅនៅក្នុងវិស័យចំណីអាហារ ទោះបីអ្នកបានអនុវត្តតាមវិធានការសុវត្ថិភាពត្រឹមត្រូវគ្រប់ជំហាននៅក្នុងសង្វាក់ផលិតកម្មក៏ដោយ ផលិតផលរបស់អ្នកនៅតែអាចគ្មានសុវត្ថិភាព ប្រសិនបើបញ្ហានោះមានប្រភពមកពីវត្ថុធាតុដើម ឬគ្រឿងផ្សំ។ ប្រភពនៃបញ្ហាទាំងនោះរួមមាន គ្រឿងទេសដែលមានមេរោគ ឬផ្សិត ប្រេងដែលមានពណ៏ល្អធម្មតាប៉ុន្តែមានក្លិនខា (Rancidity) គ្រាប់ធញ្ញជាតិដែលមានដុះផ្សិត (Fungus) ឬគ្រឿងផ្សំដែលត្រូវបានទុកក្រោមកម្ដៅថ្ងៃកំឡុងពេលដឹកជញ្ជូន។ កត្តាទាំងអស់នេះបានកើតឡើងមុនពេលអ្នកបើកកញ្ចប់គ្រឿងផ្សំទាំងអស់នោះយកមកប្រើប្រាស់ ហើយវាសុទ្ធតែអាចធ្វើឱ្យប៉ះពាល់ទៅលើគុណភាព និងសុវត្ថិភាពផលិតផលដែលអ្នកផលិត។ ដូច្នេះ ការខិតខំរក្សាគុណភាព និងសុវត្ថិភាពកំឡុងពេលផលិតតែម៉្យាង គឺមិនគ្រប់គ្រាន់ក្នុងការធានាថាផលិតផលមួយសុវត្ថិភាពនោះទេ។

សុវត្ថិភាពនៃផលិតផល គឺអាស្រ័យលើសុវត្ថិភាពនៃវត្ថុធាតុដើម គ្រឿងផ្សំដែលអ្នកយកមកផលិត។ ដូច្នេះ ការជ្រើសរើស និងត្រួតពិនិត្យដៃគូផ្គត់ផ្គង់ គឺជាផ្នែកមួយដែលសំខាន់ក្នុងការផលិតអាហារ។ វាមិនមែនគ្រាន់តែជាការទិញទំនិញប៉ុណ្ណោះទេ។

លទ្ធភាពក្នុងការតាមដានប្រភពផ្គត់ផ្គង់ (Traceability) មានន័យថា អ្នកអាចតាមដានដឹងថា វត្ថុធាតុដើម ឬគ្រឿងផ្សំនីមួយៗទិញមកពីអ្នកផ្គត់ផ្គង់មួយណា និងត្រូវបានយកទៅប្រើប្រាស់នៅក្នុងបាច់ (Batch) សង្វាក់ផលិតកម្មមួយណា។ ប្រសិនបើមានបញ្ហាណាមួយកើតឡើងចំពោះផលិតផលសម្រេច ព័ត៌មានទាំងនេះនឹងជួយអ្នកស្វែងរកប្រភពបញ្ហាបានឆាប់រហ័ស និងអាចប្រមូលត្រឡប់មកវិញចំពោះតែផលិតផលណាដែលរងផលប៉ះពាល់ (Lot Number) ជំនួសឱ្យការប្រមូលផលិតផលទាំងអស់។

ជៀសវាងការជ្រើសរើសដៃគូផ្គត់ផ្គង់វត្ថុធាតុដើម ឬគ្រឿងផ្សំដោយមើលតែកត្តាតម្លៃ

អ្នកផ្គត់ផ្គង់ដែលលក់ក្នុងតម្លៃទាបជាងទីផ្សារ មិនមែនសុទ្ធតែជាជម្រើសដែលជួយឱ្យយើងចំណេញបានច្រើននោះទេ ជាពិសេសនៅពេលគុណភាពវត្ថុធាតុដើម ឬគ្រឿងផ្សំប្រែប្រួលពីបាច់មួយទៅបាច់មួយទៀត។ អ្នកគួរជ្រើសរើសដៃគូផ្គត់ផ្គង់ណាដែលអាចរក្សាគុណភាពបានស្ថិតស្ថេរ អាចបញ្ជាក់ពីប្រភពដើមនៃផលិតផលនោះ និងអាចផ្ដល់ឯកសារមូលដ្ឋានមួយចំនួន។

ឯកសារទាំងនេះអាចរួមមាន លក្ខណៈបច្ចេកទេសរបស់ផលិតផល (Product Specification) ហើយសម្រាប់គ្រឿងផ្សំដែលមានហានិភ័យខ្ពស់ គួរមានវិញ្ញាបនបត្រលទ្ធផលវិភាគ (Certificate of Analysis ឬ COA) ឬវិញ្ញាបនបត្រសុវត្ថិភាពម្ហូបអាហារ។

ក្នុងនាមជាម្ចាស់សហគ្រាស អ្នកគួររៀបចំ បញ្ជីអ្នកផ្គត់ផ្គង់ មួយឱ្យបានច្បាស់លាស់ និងទិញតែពីអ្នកផ្គត់ផ្គង់ដែលអ្នកទទួលស្គាល់នៅក្នុងបញ្ជីនោះ។ អ្នកមិនគួរប្ដូរទៅទិញពីអ្នកលក់ផ្សេងៗជារៀងរាល់សប្ដាហ៍ ដោយសារតែតម្លៃធូរថ្លៃជាងបន្តិចបន្តួចនោះទេ។

ត្រួតពិនិត្យរាល់ការដឹកជញ្ជូន មុនពេលទទួលយក

  • កត្តាសីតុណ្ហភាព៖ ផលិតផលដែលត្រូវរក្សាទុកក្នុងទូរត្រជាក់ ឬទូកក គួរតែមកដល់ក្នុងសភាពត្រជាក់ត្រឹមត្រូវ មិនមែនក្តៅអ៊ុនៗ ឬចាប់ផ្ដើមរលាយនោះទេ។
  • កាលបរិច្ឆេទ៖ ត្រូវពិនិត្យថា គ្រឿងផ្សំនៅសល់អាយុកាលប្រើប្រាស់គ្រប់គ្រាន់ ដើម្បីអាចប្រើប្រាស់បានមុនថ្ងៃផុតកំណត់។
  • ការវេចខ្ចប់៖ សំបកវេចខ្ចប់ត្រូវនៅពេញល្អ ស្អាត និងបិទជិត។ មិនគួរមានការរហែក កំពិត សើម ជ្រាបទឹក ឬមានស្នាមខូចខាតដោយសត្វល្អិតឡើយ។
  • សញ្ញាបង្ហាញពីបញ្ហា៖ ត្រូវប្រយ័ត្នចំពោះក្លិនមិនប្រក្រតី ផ្សិត សត្វល្អិត ឬសភាពណាមួយដែលមើលទៅមិនត្រឹមត្រូវ។
គោលការណ៍ងាយៗដែលគួរអនុវត្ត៖ រៀបចំតារាងត្រួតពិនិត្យការដឹកជញ្ជូនដ៏សាមញ្ញមួយ និងកត់ត្រាឈ្មោះអ្នកផ្គត់ផ្គង់ ព្រមទាំងលេខបាច់ ឬលេខឡូត៍របស់គ្រឿងផ្សំនីមួយៗ។ ការងារនេះចំណាយពេលប្រហែលតែមួយនាទីប៉ុណ្ណោះសម្រាប់ការដឹកជញ្ជូននីមួយៗ ប៉ុន្តែវាជាគ្រឹះសំខាន់នៃការត្រួតពិនិត្យគុណភាព និងការប្រមូលផលិតផលត្រឡប់មកវិញ ប្រសិនបើមានបញ្ហាកើតឡើងនៅពេលក្រោយ។

អ្នកមានសិទ្ធិបដិសេធមិនទទួលទំនិញ

ប្រសិនបើទំនិញដែលត្រូវរក្សាត្រជាក់ បែរជាមកដល់ក្នុងសភាពក្តៅ ការវេចខ្ចប់រងការខូចខាត ឬគ្រឿងផ្សំជិតដល់ថ្ងៃផុតកំណត់ អ្នកអាច និងគួរតែបដិសេធមិនទទួលយក។

ការទទួលយកគ្រឿងផ្សំដែលគួរឱ្យសង្ស័យ ដោយសារខ្លាចពិបាកនិយាយជាមួយអ្នកផ្គត់ផ្គង់ អាចបើកផ្លូវឱ្យមេរោគ ឬបញ្ហាគុណភាពចូលទៅក្នុងផលិតផលរបស់អ្នក។ អ្នកផ្គត់ផ្គង់ដែលល្អ នឹងគោរពតាមស្តង់ដារដែលអ្នកកំណត់យ៉ាងច្បាស់។ ប៉ុន្តែប្រសិនបើអ្នកផ្គត់ផ្គង់មិនព្រមទទួលយកការត្រួតពិនិត្យដ៏សមហេតុផលរបស់អ្នក នោះក៏ជាសញ្ញាមួយដែលអ្នកមិនគួរមើលរំលងដែរ។

ចំណុចដែលត្រូវប្រុងប្រយ័ត្ន

ហានិភ័យមួយចំនួនអាចមាននៅក្នុងវត្ថុធាតុដើមដោយមិនបង្ហាញសញ្ញាឱ្យឃើញច្បាស់។ ឧទាហរណ៍ គ្រាប់ធញ្ញជាតិ គ្រាប់សណ្ដែកដី ឬគ្រាប់ផ្លែឈើដែលរក្សាទុកមិនបានត្រឹមត្រូវ អាចមានជាតិពុលពីផ្សិត (Aflatoxins)។ គ្រឿងផ្សំមួយចំនួនក៏អាចត្រូវបានក្លែងបន្លំ ឬលាយសារធាតុដែលមិនត្រឹមត្រូវផងដែរ។

ប្រសិនបើអ្នកមានការសង្ស័យចំពោះគ្រឿងផ្សំដែលមានហានិភ័យខ្ពស់ គួរស្នើសុំឯកសារបញ្ជាក់ ឬយកគំរូទៅធ្វើតេស្ត ជាជាងទុកចិត្តលើរូបរាងខាងក្រៅតែមួយមុខ។

សេចក្ដីសង្ខេប

សុវត្ថិភាពម្ហូបអាហារចាប់ផ្ដើមតាំងពីមុនពេលវត្ថុធាតុដើម និងគ្រឿងផ្សំចូលមកដល់កន្លែងផលិតរបស់អ្នក។ ដូច្នេះ អ្នកមិនត្រូវជ្រើសរើសអ្នកផ្គត់ផ្គង់ដោយមើលតែកត្តាតម្លៃ។ ផ្ទុយទៅវិញ អ្នកត្រូវជ្រើសរើសអ្នកផ្គត់ផ្គង់ដែលអាចផ្តល់គុណភាពថេរ មានប្រភពឯកសារមូលដ្ឋាន និងអាចតាមដានប្រភពបាន។ អ្នកត្រូវមានបញ្ជីអ្នកផ្គត់ផ្គង់ដែលបានទទួលស្គាល់ ពិនិត្យសីតុណ្ហភាព កាលបរិច្ឆេទ និងការខូចខាតរាល់ពេលទទួលទំនិញ កត់ត្រាលេខបាច់ ឬលេខឡូត៍ និងបដិសេធរាល់គ្រឿងផ្សំដែលមិនបំពេញតាមស្តង់ដាររបស់អ្នក។

Scroll to Top